Wednesday, September 25, 2013

ហ៊ឹម ស៊ីវន​​ ណូយ វ៉ាន់ណេត នៅ​តែ​ពេញ​និយម​នា​រដូវ​បិណ្ឌ​ភ្ជុំ

ខណៈ​រដូវ​​កាល​​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​បាន​មក​ដល់​​​ គេ​តែង​បាន​​ស្ដាប់បទ​ចម្រៀង​ទាក់ទង​ទៅ​នឹង​ពិធី​បុណ្យ​សាសនា​ ដ៏ធំ​នេះ ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​យ៉ាង​កង​រំពង។
ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ថា មាន​តែ​បទ​មនោ​សញ្ចេតនា ឬ​ជា​ចង្វាក់​ប្រពៃណី​​របស់​ ​លោក ណូយ វ៉ាន់ណេត និង​អ្នក​ស្រី ហ៊ឹម ស៊ីវន ​នៅ​តែ​មាន​ការ​ពេញ​និយម​សម្រាប់​​ប្រិយមិត្ត​អ្នក​ស្ដាប់។




លោក គង់ មករា ប្រធាន​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​សុវណ្ណ​អង្គរ​ប្រចាំ​ខេត្ត​បាត់ដំបង​ បាន​និយាយ​ថា មាន​ប្រិយមិត្ត​របស់​លោក​ភាគ​ច្រើន​បាន​សំណូមពរ​ជា​ហូរហែ​នូវ​បទ​ចម្រៀង​ ទាក់​ទង​ទៅ​នឹង​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ។
“ដោយ​សារ​ត្រូវ​នឹង​រដូវ​កាល​ផង ដូច្នេះ​ស្ទើរ​គ្រប់​កម្មវិធី​កម្សាន្ត​ទៅ​ហើយ ដែល​ប្រិយមិត្ត​សំណូមពរ​ចម្រៀង​របស់​ពូក​គាត់”។
ដោយ​ឡែក​កញ្ញា ព្រហ្ម បូរ៉ានី ជា​ពិធី​ការិនី​យូរ​ឆ្នាំ​មក​ហើយ ​នៃ​ស្ថានីយ​វិទ្យុ​មួយ​នៅ​ភ្នំពេញ​ក៏​បាន​ចាប់​អារម្មណ៍​ដែរ​ថា ចម្រៀង​ទាក់ទង​ទៅ​ហ្នឹង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​មាន​ការ​ពេញ​និយម​ណាស់​​សម្រាប់​អ្នក​ស្ដាប់​របស់​កញ្ញា ​នា​រដូវ​កាល​នេះ។
“ប្រិយមិត្ត​តាម​បណ្ដា​ខេត្ត​បាន​​ប្រាប់​ថា សំឡេង​របស់​អ្នក​ទាំង​ពីរ​មាន​ទឹកដម​ពីរោះ។ សូម្បី​ខ្ញុំ​ផ្ទាល់​ក៏​ចូលចិត្ត​ស្ដាប់​ដែរ ព្រោះ​នាំ​ឲ្យ​មាន​ចិត្ត​រីករាយ និង​ចង់​ទៅ​ធ្វើ​បុណ្យទាន​ទៀត​ផង”។ ទោះ​យ៉ាង​ណា អ្នក​ចម្រៀង​សម័យ​ក្រោយ​នេះ ក៏​មិន​ត្រូវ​បាន​បដិសេធ​នោះ​ដែរ។
អ្នក​បញ្ចូល​បទ​ភ្លេង​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បាន​លើក​ឡើង​ស្រដៀង​ គ្នាថា នេះជា​​ចំណូល​ចិត្ត​ទៅ​តាម​វ័យ​នៃ​អតិថិជន​របស់​ពូក​គេ​ទៅ​វិញ ដោយ​អ្នក​ខ្លះ​ពេញ​ចិត្ត​ចម្រៀង​របស់​អ្នក​សម័យ​មុន ហើយ​អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​ចម្រៀង​សម័យ​បច្ចុប្បន្ន។
យុវជន ចាន់ សុធា អ្នក​បញ្ចូល​បទ​ភ្លេង​នៅ​ផ្សារ​ឃ្លាំង​រំសេវ​និយាយ​ថា៖“ទោះ​បី​ជា​យ៉ាង​ណា ចម្រៀង​របស់​គាត់​ទាំង​ពីរ(ណូយ វ៉ាន់ណេត, ហ៊ឹម ស៊ីវន)មាន​អ្នក​បញ្ចូល​ច្រើន​ជាង​តារា​ចម្រៀង​សម័យ​ថ្មី​ផ្សេង​ទៀត​”។ បើ​ប្រៀបធៀប​ទៅ​មិន​ចាញ់​វ៉ុល​ចូល​ឆ្នាំ​ប៉ុន្មាន​ទេ៕

បទ “កូន​អើយទៅវត្ត” ច្រៀង​ដោយ​អ្នក​ស្រី​ ហ៊ឹម ស៊ីវន


បទ “បណ្ដាំ​បុណ្យ​ភ្ជុំ” ច្រៀង​ដោយ​ លោក​ណូយ វ៉ាន់ណេត

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks