Monday, September 23, 2013

RHM CD VOL 490 | Finished [Full ALBUM]

ស្រប​ពេល​គ្នា​នេះ សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា រដ្ឋ​សភា​ដែល​កើត​ឡើង​ដោយ​ឯកបក្ស​នៅ​ពេល​នេះ មិន​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ឡើយ ខណៈ​ដែល​អ្នក​ច្បាប់​រិះគន់​សភា​ដែល​ទើប​កើត​ឡើង​ថ្មីថ្មោង​នេះ ថា​ជា​សភា​អធម្មនុញ្ញភាព។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) បញ្ជាក់​ថា ការ​ចូល​រួម​របស់​លោក​នៅ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​ នីតិកាល​ទី​៥ នេះ មិន​មែន​ជា​ការ​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ។
សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ដោយ​តម្លាភាព​ នូវ​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជឿ​ថា សភា​ជាតិ​ដែល​មាន​ដំណើរ​ការ​ត្រឹមត្រូវ ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​សំខាន់​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
កិច្ច​ប្រជុំ​សភា​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ធ្វើ​ឡើង​តាម​ការ​ព្រាង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បើ​ទោះ​ជា​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥​រូប​ចូល​រួម​ក្ដី។
សហភាព​អឺរ៉ុប​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ស្រដៀង​គ្នា​នឹង​សហរដ្ឋអាមេរិក ជុំវិញ​ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​នីតិកាល​ទី​៥។
សហភាព​អឺរ៉ុប​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា រដ្ឋ​សភា​ដែល​កើត​ឡើង​ដោយ​ឯកបក្ស​នៅ​ពេល​នេះ មិន​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ឡើយ។
ប្រតិភូ​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់​អំពី​គុណវិបត្តិ ឬ​បញ្ហា​នានា​ដែល​កើត​ឡើង​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត និង​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​នយោបាយ​ចរចា​គ្នា​ដើម្បី​ឯកភាព​គ្នា​ទៅ​លើ​ ការ​កែ​ទម្រង់​រចនាសម្ព័ន្ធ ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ និរន្តរភាព​កម្ពុជា ព្រម​ទាំង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ ការ​កែ​ទម្រង់​រដ្ឋ​សភា និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ។
រដ្ឋ​សភា​ដែល​ទើប​កើត​ឡើង​ថ្មីថ្មោង​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ជា​សភា​អធម្មនុញ្ញភាព។
ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក នី ចរិយា បញ្ជាក់​ថា ការ​បង្កើត​សភា​អាណត្តិ​នេះ​មិន​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ទេ គឺ​មាន​ន័យ​ថា ជា​សភា​អធម្មនុញ្ញភាព ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋ​សភា ក្លាយ​ជា​រដ្ឋាភិបាល​អធម្មនុញ្ញភាព​ដែរ។
លោក​បន្ត​ថា រដ្ឋ​សភា និង​រដ្ឋាភិបាល​អធម្មនុញ្ញភាព​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។ លើស​ពី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ប្រទេស ប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម និង​អាច​ប៉ះពាល់​ទំនាក់ទំនង​ផ្នែក​ការទូត​រវាង​ប្រទេស​ប្រកាន់​របប​ លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ។
មិន​ខុស​គ្នា​ដែរ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel)  លោក គល់ បញ្ញា បញ្ជាក់​ថា កិច្ចប្រជុំ​សភា​លើក​ដំបូង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​កំពុង​ បង្ក​ឲ្យ​មាន​បដិ​វាទ​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ ការ​ពង្រឹង​ឯករាជភាព​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ រដ្ឋាភិបាល​ថ្មី​នឹង​ខ្វះ​នីត្យានុកូលភាព ឬ​ខ្វះ​ភាព​ស្រប​ច្បាប់ និង​គ្មាន​ការ​គាំទ្រ។
នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ការ​ប្រឈម ២​សំខាន់ ក្រោយ​កិច្ច​ប្រជុំ​ឯកបក្ស​នៅ​រដ្ឋ​សភា​រួច។ ទី​១ គឺ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​ពេល​សម័យ​ ប្រជុំ​សភា​លើក​ដំបូង​មិន​សប្បាយ​ចិត្ត ទី​២ ប្រឈម​ពី​ការ​វាយ​តម្លៃ​ពី​សហគមន៍​អន្តរជាតិ។
អង្គការ​សង្គម​ស៊ីវិល​ទទូច​ច្រើន​ដង​ឲ្យ​ភាគី​គណបក្ស​នយោបាយ​ទាំង​ពីរ​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​បង្កើត​សភា​ថ្មី​នៅ​អាណត្តិ​នេះ មាន​ដាក់​ពង្រាយ​ទាហាន និង​ប៉ូលិស រនាំង​ដែក របង​លួស បិទ​ផ្លូវ​ចេញ​ចូល​ច្រក​ទៅ​រដ្ឋ​សភា ដែល​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​ពី​ការ​គាប​សង្កត់​នៃ​ការ​បង្កើត​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​ថ្មី៕

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks